
កាលបរិច្ឆេទ: ០៩ តុលា ២០២៦ / ជិវិត និងសង្គម / Author : ATH Sokren
សម្រាប់ថ្ងៃកាន់បិណ្ឌទីមួយដែលត្រូវនឹងថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឱសថបណ្ឌិត ហៃ លី អៀង ប្រធានអគ្គនាយកក្រុមហ៊ុន PPM-Confirel គ្រុបបានអញ្ជើញទៅសូត្រមន្តកាន់បិណ្ឌថ្ងៃដំបូងនៃពិធីភ្ជុំបិណ្ឌនៅវត្តជង្រុកនៃខេត្តកំពង់ស្ពឺ។
លោកបានប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌនេះជាមួយនឹងភរិយា លោកជំទាវ ចាន់ ហ្សាណា កូនៗ មិត្តភក្តិគ្រួសារ និងថ្នាក់ដឹកនាំនៃសហគ្រាសទាំងពីរ រួមជាមួយនឹងដូនជី លោកតាអាចារ្យ និងប្រជាពលរដ្ឋចំណុះជើងវត្ត ជាងប្រាំពីរសិបនាក់ដើម្បីឱទ្ទិសកុសលផលបុណ្យដល់អ្នកមានគុណទាំងឡាយដែលបានចែកឋានទៅហើយនោះ និងប្រគេនទ័យទានជូនដល់ព្រះសង្ឃតាមប្រពៃណីទំនៀមទំលាប់របស់ខ្មែរ។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំទីពីរនៅក្នុងប្រតិទិនខ្មែរ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី។ វាមានរយៈពេលដប់ប្រាំថ្ងៃ បង្ហាញពីរយៈពេលនៃចុងបញ្ចប់នៃការចេញវស្សា ដោយយោងតាមប្រតិទិនចន្ទគតិ ហើយថ្ងៃទីដប់ប្រាំជាថ្ងៃភ្ជុំបិណ្ឌ។ ពាក្យ «ភ្ជុំ» ដែលមានន័យថា «ប្រមូលផ្តុំ» និង «បិណ្ឌ» ដែលសំដៅលើបាយបិណ្ឌដែលត្រូវឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធដែលបានចែកឋានទៅហើយ។
តាមប្រពៃណីពុទ្ធសាសនាខ្មែរ វិញ្ញាណក្ខន្ធនៃអ្នកស្លាប់ ជាពិសេសអ្នកដែលមិនទាន់បានទៅចាប់ជាតិជាថ្មី វិញ្ញាណរបស់ពួកគេនៅវិលវល់។ ក្នុងរយៈពេលដប់បួនថ្ងៃដំបូងហៅថា «កាន់បិណ្ឌ» គ្រួសារនានាទៅវត្តតាំងពីព្រឹកព្រលឹម ដើម្បីទៅបោះបាយបិណ្ឌ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ បាយបិណ្ឌ ដែលជួនកាលគេលាយជាមួយសណ្តែកត្រូវបានគេបោះក្នុងបរិវេណវត្តបន្ទាប់ពីប្រារព្ធកិច្ចតាមបែបសាសនា ដើម្បីផ្តល់ដល់វិញ្ញាណក្ខន្ធដែលស្រែកឃ្លាន។ តាមរយៈពិធីតាមបែបសាសនាទាំងនេះ មនុស្សរស់បញ្ជូនបុណ្យសកុសលទៅឱ្យអ្នកស្លាប់ ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ពួកគេ៕